News & Events

News & Events Detail

ធនាគារ វីង សហការផ្តល់កម្ចីប្រាក់បៀវត្សដល់បុគ្គលិកដៃគូរបស់គ្រឹះស្ថានហិរញ្ញវត្ថុ អេស អេច ជី

Date: June 05, 2023

បុគ្គលិកកំពុងបម្រើការងារនៅតាមស្ថាប័នឯកជនដែលជាដៃគូសហការរបស់គ្រឹះស្ថានហិរញ្ញវត្ថុ អេស អេច ជី ឥឡូវនេះអាចទទួលសេវាហិរញ្ញវត្ថុបានយ៉ាងងាយស្រួល និងឆាប់រហ័ស តាម​រយៈកម្ចីឌីជីថលរបស់ ធនាគារ វីង។

ធនាគារ វីង (ខេមបូឌា) ម.ក និងគ្រឹះស្ថានហិរញ្ញវត្ថុ អេស អេច ជី ហ្វាយនែន ភីអិលស៊ី បានសម្រេចកិច្ចសហការ​ដោយបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីផ្តល់កម្ចីប្រាក់បៀវត្សសម្រាប់បុគ្គលិកនៅតាមគ្រឹះស្ថានឯកជនដែលជាដៃគូរសហការបស់ អេស អេច​ ជី​។

កិច្ចសហការដ៏មានសារៈសំខាន់នេះ នឹងជួយសម្រួលទៅដល់អ្នកដែលមានតម្រូវការបន្ទាន់ផ្នែកហិរញ្ញវត្ថុ ដើម្បីបំពេញតម្រូវការផ្ទាល់ខ្លួ​ន។ ពួកគេអាចមានលទ្ធភាពកាន់តែច្រើនក្នុងការទទួលបានកម្ចី តាមរយៈកម្មវិធី Wing Bank App ដែលកម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួល និងរលូន​ ទៅដល់ទៅអតិថិជន រាល់ពេលដែលប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ធនាគារ វីង។


លោក ហាន ប៉េងក្វាង អគ្គនាយក ធនាគារ វីង បានថ្លែងថា៖ “តាមរយៈកិច្ចសហការនេះ យើងនឹងជួយដល់អតិថិជន ដោយប្រាកដថា ពួកគេមិនចាំបាច់បារម្ភ​ពីឧបសគ្គក្នុងការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ដែលកត្តានេះនឹងជួយជំរុញកម្រិតបរិយាប័ន្នហិរញ្ញវត្ថុទៅដល់មនុស្សកាន់តែច្រើន។”

លោក ហាន ប៉េងក្វាង បានបន្ថែមថា៖ ​“កម្ចីប្រាក់បៀវត្សសម្រាប់បុគ្គលិក របស់ធនាគារ វីង នឹងជួយសម្រួលដល់និយោជិតដោយផ្តល់ជូនពួកគេនូវអត្រាការប្រាក់ដែលមានភាពទាក់ទាញ ព្រមទាំងជម្រើសក្នុងការសងត្រលប់មានភាពបត់បែនផងដែរ។”

គំនិតផ្តួចផ្តើមនៃកិច្ចសហការនេះ​ នឹងអនុញ្ញាតដល់បុគ្គលិកដែលជាអតិថិជនរបស់គ្រឹះស្ថានហិរញ្ញវត្ថុ អេស អេច ជី អាចទទួលបានកម្ចីដែលមានភាពប្រកួតប្រជែង​តាមរយៈថ្នាលបច្ចេកវិទ្យាឌីជីថលរបស់ធនាគារ វីង។ ក្នុងន័យនេះ​ ពួកគេអាចមានឱកាសស្នើទំហំកម្ចីរហូតដល់ទៅ ១០.០០០ ដុល្លារអាមេរិក ដោយមិនចាំបាច់មានទ្រព្យបញ្ចាំនោះឡើយ។ កត្តានេះ នឹងជួយបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួនបានទាន់ពេលវេលា ក៏ដូចជាជួយលើកម្ពស់កម្រិតជីវភាពរស់នៅរបស់ពួកគេឲ្យកាន់តែប្រសើរផងដែរ។


លោក យិន ចាន់ធីរ៉ា អគ្គនាយកគ្រឹះស្ថានហិរញ្ញវត្ថុ អេស អេច ជី ហ្វាយនែន បានថ្លែងថា៖ “យើងមានសេចក្តីសោមនស្សរីករាយដែលបានចាប់ដៃគូសហការជាមួយធនាគារ វីង ដើម្បីផ្តល់កម្ចីប្រាក់បៀវត្សទៅដល់បុគ្គលិក។ កិច្ចសហការនេះនឹងផ្តល់ឲ្យបុគ្គលិកបម្រើការងារនៅតាមស្ថាប័នឯកជនដែលជាដៃគូសការរបស់យើងនូវជម្រើសហិរញ្ញវត្ថុកាន់តែល្អប្រសើរ ដែលរួមចំណែកទៅដល់ស្ថិរភាពហិរញ្ញវត្ថុរបស់ពួកគេ។”

អេស អេច ជី ហ្វាយនែន គឺស្ថាប័នហិរញ្ញវត្ថុដែលទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ដោយផ្តល់សេវាកម្មហិរញ្ញវត្ថុចាប់តាំងពីឆ្នាំ២០១៦។​ ហើយនៅឆ្នាំ២០២០ ស្ថាប័នហិរញ្ញវត្ថុមួយនេះ​បានក្លាយជាផ្នែកមួយនៃបណ្តុំអ៊ីកូឡូស៊ីរបស់ក្រុមហ៊ុន ZILLENNIUM GROUP ដែលជាទីផ្សារអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា។​ ចាប់ពីពេលនោះមក អេស អេច ជី ហ្វាយនែន បានប្រែក្លាយជាស្ថាប័នផ្តល់សេវាឥណទានតាមរយៈថ្នាលបច្ចេកវិទ្យាឌីជីថល។

ធនាគារ វីង ​ផ្តោតលើប្រតិបត្តិការតាមបែបឌីជីថល ដើម្បីផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែបទៅដល់ពលរដ្ឋកម្ពុជា។​​ ដោយមានបេសកម្ម ដើម្បីក្លាយជា “ធានាគារ សម្រាប់ប្រជាជនកម្ពុជា” ធនាគារ វីង បានប្តេជ្ញាក្នុងការលើកកម្ពស់កម្រិតជីវភាពក្នុងការរស់នៅរបស់អតិថិជន តាមរយៈការទទួលបាននូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុតាម​បែបឌីជីថល ដែលមានតម្លៃសមរម្យ។ ចាប់តាំងពីការបង្កើតឡើង ក្នុងឆ្នាំ២០០៨ ធនាគារ វីង បានក្លាយជាធនាគារពាណិជ្ជ ដែលមានការវិវឌ្ឍយ៉ាងឆាប់រហ័ស​ និងស្ថិតក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុដែលមានទំនុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមគ្នានេះ ស្ថាប័នដែលមានចំណាប់អារម្មណ៍ អាចអញ្ចើញមកកាន់សាខាណាមួយរបស់ធនាគារ វីង ដើម្បីស្វែងយល់ និងទទួលបានព៏ត៌មានលម្អិត អំពីការ​ស្នើកម្ចីប្រាក់បៀវត្សសម្រាប់បុគ្គលិក របស់ធនាគារ វីង៕